12 មីនា 2026

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មី របស់ធនាគារ ARDB

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្ត ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត ព្រមទាំងបណ្តាសាខាខេត្តទាំងអស់។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ និងតម្រង់ទិសលើការងារអាទិភាពចំនួន ៥ រួមមាន៖
១. ការធ្វើទំនើបកម្មស្តង់ដារឥណទាន៖ រៀបចំទម្រង់របាយការណ៍ឱ្យមានស្តង់ដារតែមួយ រួមទាំងការវិភាគហិរញ្ញវត្ថុឱ្យបានម៉ត់ចត់ (ROR, DSC) ដើម្បីគ្រប់គ្រងហានិភ័យឥណទានឱ្យមានប្រសិទ្ធភាពខ្ពស់។
២. បរិវត្តកម្មឌីជីថល (Digital Transformation)៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងគ្រប់ប្រតិបត្តិការ ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សជូនដល់អតិថិជន។
៣. យុទ្ធសាស្ត្រថែទាំអតិថិជន (Customer Care)៖ បង្កើនការចុះតាមដាន និងសួរសុខទុក្ខអតិថិជនគោលដៅជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេល។
៤. ការពង្រីកវិសាលភាពទីផ្សារ៖ បន្តបញ្ជ្រាបការផ្សព្វផ្សាយផលិតផល និងសេវាកម្មធនាគារឱ្យដល់ដៃអតិថិជនថ្មីៗ ក្នុងតំបន់គោលដៅឱ្យកាន់តែទូលំទូលាយ។
៥. ការពង្រឹងសមត្ថភាព និងក្រមសីលធម៌៖ បន្តការបណ្តុះបណ្តាលបុគ្គលិកលើជំនាញបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិស័យធនាគារទំនើប។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ជាអនុសាសន៍ និងជំរុញឱ្យបុគ្គលិកគ្រប់រូបពង្រឹងការអភិវឌ្ឍសកម្មភាពចុះជួបកសិករផ្ទាល់ ដើម្បីសម្រួលលក្ខខណ្ឌឥណទាន និងផ្តល់ការណែនាំបច្ចេកទេសកសិកម្មទំនើបៗ ដូចជា ផ្នែកវារីវប្បកម្ម និងសាកវប្បកម្ម តាមរយៈយន្តការ “សមាគមបណ្តាញកសិករតេជោ” ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករឱ្យកាន់តែប្រសើរឡើង។