25 មីនា 2026

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញ​ចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលា ថ្នាក់ជាតិស្តីពី “ការជំរុញ​បរិយាបន្ន​ហិរញ្ញប្បទានបៃតងនៅកម្ពុជា៖ ការពង្រឹង​សមត្ថភាព​គ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់​ការបង្កើន​ភាពធន់​ទៅនឹង​ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកប​ដោយនិរន្ដរភាព”

(រាជធានីភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​សិក្ខា​សាលា​​ថ្នាក់ជាតិស្តីពី “ការជំរុញ បរិយាបន្នហិរញ្ញប្បទាន​បៃតង​នៅ​កម្ពុជា៖ ការពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រ​ដល់​ការបង្កើនភាព​ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព” ។
សិក្ខាសាលានេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងក្រោម​កិច្ចសហការ​រវាងធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោម​ការ​ចូល​រួមគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមមាន សមាគម ADFIAP, ធនាគារ KDB, ក្រុមហ៊ុន Mekong Strategic Capital (MSC) និងអង្គការ Water.org។ សិក្ខាសាលាថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើន​ការយល់ដឹងស្ដីពីហិរញ្ញប្បទានបៃតងដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា សំដៅបង្កើតបណ្ដាញទំនាក់ទំនង និងជំរុញការវិនិយោគ​នៅក្នុង​វិស័យ​សំខាន់ៗ​ ដោយគិតគូរពីបញ្ហាអាកាសធាតុ ដើម្បីជំរុញដល់​បរិយាបន្ន​ហិរញ្ញប្បទាន​​បៃតងនៅកម្ពុជា។ ទន្ទឹមនេះ, សិក្ខាសាលា​នេះក៏បាន​រំលេចពីក្របខ័ណ្ឌនៃកម្មវិធីមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) ផងដែរ ដើម្បីជួយភ្ជិតគម្លាតហិរញ្ញប្បទានបៃតង ពោលគឺ​ដើម្បីស្វែងយល់ពីតម្រូវការ ក៏ដូចជាការផ្គត់ផ្គង់​ហិរញ្ញប្បទាន​បៃតង​នៅកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីជំនាញ និងតំណាង​គ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណ ៧៥រូប ដែលបានចូលរួមដោយផ្ទាល់ និងមួយចំនួនទៀតតាមរយៈប្រព័ន្ធអនឡាញ។
សិក្ខាសាលានេះបានប្រព្រឹត្តឡើងនាពេលព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។