5 មិថុនា 2026

ឯកឧត្ដមបណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃ​​ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់ ៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យ​​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងារ​រៀបចំអង្គការចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ប្រទេសអូស្ត្រាលី និង​នូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពី វឌ្ឍនភាពការងាររបស់ការិយាល័យតំណាង​សភាពាណិជ្ជកម្មកម្ពុជា ប្រចាំ​ប្រទេសនូវែលហ្សេឡង់​ស្របតាមមុខងារ​ភារកិច្ច បញ្ហា​ប្រឈម និងនៃដំណោះស្រាយ ជាពិសេស ការជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិត​ប្រតិភូ​បានស្នើ​​ឱ្យ ​សមាជិកការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់​ ចេះសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យ​លើការងារជំរុញ​ពាណិជ្ជកម្មនេះ ក្នុងការ​រួមចំណែកអភិវឌ្ឍ​ន៍សេដ្ឋកិច្ចជាតិ​ ផ្អែកលើការប្រឹងប្រែង​របស់សមាជិកនៃការិយាល័យតំណាង​​សភាពាណិជ្ជកម្ម​កម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់​អនុសាសន៍ថា ការបំពេញការងារត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃ​ការដោះស្រាយបញ្ហា ការទំនាក់ទំនង ការពិគ្រោះយោបល់ និងការកសាងផែនការសកម្មភាព​សម្រាប់ស្ថាប័ន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ Zoom។