ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យមដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង”ដែលរៀបចំឡើងនៅសាលាជាតិគយរាជធានីភ្នំពេញ។
វេទិកាគយ និង FASMEC លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
វេទិកាគយ និង FASMEC លើកទី១ រៀបចំឡើងមានរយៈពេល២ថ្ងៃនេះ ក្រោមប្រធានបទការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែងនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង FASMEC។
លើសពីនេះ បង្កើតការយល់ដឹងអំពីនីតិវិធីគយ ការលើកទឹកចិត្តផ្នែកពន្ធ និងការសម្របសម្រួលពាណិជ្ជកម្មនានា ដែលយើងទាំងអស់គ្នាបានដឹងហើយថា សហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជំរុញផលិតផលក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសហការគ្នាផ្តួចផ្តើមរៀបចំវេទិកានេះឡើង ក្នុងគោលបំណងបង្កើតវេទិកាសន្ទនា និងការយល់ដឹងរួមរវាងរដ្ឋបាលគយ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្សព្វផ្សាយគោលនយោបាយ បទប្បញ្ញត្តិ និងនីតិវិធីគយ ស្តាប់បញ្ហាប្រឈម និងសំណូមពរបស់សហគ្រាសព្រមទាំងស្វែងរកដំណោះស្រាយសមស្រប។

















