ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងសហការគ្នាលើគំនិតផ្តួចផ្តើមសំខាន់ រួមមាន៖ (ក) ការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងសេវាហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ, (ខ) ការសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង ដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃ CMA, (គ) ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរួមគ្នា ដើម្បីពង្រឹងការយល់ដឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកនៃ CMA អំពីស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG), ការគ្រប់គ្រងហានិភ័យអាកាសធាតុ និងកាលានុវត្តក្នុងការអនុវត្តហិរញ្ញវត្ថុបៃតង, (ឃ) ការគាំទ្រដល់សហគ្រាស MSMEs ក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និង (ង) ការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង និងការប្រែប្រួលអាកាសធាតុ។
26 មិថុនា 2026
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “ការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាពនៅកម្ពុជា” រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងសមាជិករបស់ CMA, តំណាងធនាគារជាតិនៃកម្ពុជា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ បន្ថែមពីនោះ, តំណាង ARDB ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម និងការអនុវត្តហិរញ្ញប្បទានបៃតង ព្រមទាំងកាលានុវត្តភាពនៃការទទួលបានហិរញ្ញប្បទានគាំទ្រដល់សមាជិក CMA ជាពិសេសក្រោមក្របខ័ណ្ឌនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុក្នុង វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ, វិស័យកសិកម្ម, និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។






















