ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាអំពីគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្មដោយមានការចូលរួមពីវិស័យឯកជន និងការគាំទ្រដោយរាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញពាក់ព័ន្ធ លើផែនការអភិវឌ្ឍន៍កសិកម្ម ដែលមានគោលដៅបង្កើតការងារនិងបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ តាមរយៈផលិតកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជុំវិញខេត្តព្រះវិហារ។





