ARDB TV

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ខេត្តឧត្តរមានជ័យ

21 February 2023
កម្មវិធីជួបជុំសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មក្នុងខេត្តឧត្តរមានជ័យ ដើម្បីផ្សព្វផ្សាយគោលការណ៍គាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់
‐————————-
ឧត្តរមានជ័យ៖ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ក្នុងគោលបំណងដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។
បន្ទាប់ពីបានស្តាប់នូវការលើកឡើងអំពីបញ្ហារបស់សហគមន៍, ឯកឧត្តមបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើររបស់បងប្អូនសហគមន៍។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកជូនបងប្អូនអំពីស្ថានភាពសេដ្ឋកិច្ចដែលរំខានពីការរីករាលដាលពីជំងឺកូវីដ-១៩ និងវិបត្តិពីបញ្ហាឣ៊ុយក្រែននិងរុស្សុី ដែលប៉ះពាល់ដល់ប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស និងស្ថានភាពការនាំចេញទំនិញផ្សេង និងស្ថានភាពទីផ្សារស្វាយទៅកាន់ប្រទេសចិន។ ដោយឡែកចំពោះស្វាយចន្ទីក៏មានការគិតគូ និងសិក្សាពីគម្រោងបង្កើតឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីដើម្បីប្រមូលគ្រាប់ស្វាយចន្ទីក្នុងរដូវប្រមូលផលស្តុកទុក សម្រាប់បម្រើការនាំចេញ ហើយសន្ធិធិគ្រាប់ស្វាយចន្ទីក៏ឣាចនឹងយកធ្វើជាទ្រព្យធានាបំណុលបានផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីបងប្អូនសមាជិកសហគមន៍ចំនួន ១០០នាក់ តំណាងអោយ ១២ សហគមន៍កសិកម្ម ដែលមានសមាជិកសរុបចំនួន១៤៧០ គ្រួសារ ដែលមានមុខរបរដាំដុះដំឡូងមី ដាំបន្លែ ស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំរួមផ្សំផ្សេង។
ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនបងប្អូនអំពីកាលបរិច្ឆេទនៃការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញបងប្អូនទៅចូលរួមបោះឆ្នោត ដើម្បីបន្តនិរន្តរ៍ភាព ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍអោយកាន់តែរីកចំរើនថែមទៀត៕
Previously
up Next