ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល
29 June 2025
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល
កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល។
នៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ក្រុមយុវជនឃុំទាំង១២នៅក្នុងស្រុកខ្សាច់កណ្តាល សមាជិក សមាជិការ ក្រុមគ្រូពេទ្យ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងយុវជន ជាសិស្សនិស្សិតផងដែរ។
បន្ទាប់ពីបានអញ្ជើញទស្សនាផ្ទាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯក រវាង ក្រុមបាល់ទាត់យុវជនឃុំកោះចូរ៉ាម ជាមួយក្រុមបាល់ទាត់យុវជនឃុំពុកឬស្សី រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានប្រសាសន៍សំណេះសំណាល និងបានប្រគល់លិខិតថ្លែងអំណរគុណ ព្រមទាំងបំពាក់មេដាយប្រគល់ពានរង្វាន់ជូនដល់ក្រុមកីឡាករ ដែលទទួលបានចំណាត់ថ្នាក់លេខ ១,២,៣ និងពានផ្សេងៗទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា លទ្ធផលនៃការប្រកួតថ្ងៃនេះបង្ហាញឲ្យឃើញការវិវត្តកីឡាករយើងក្នុងស្រុកខ្សាច់កណ្តាលខេត្តកណ្តាលពីមួយឆ្នាំទៅមួយឆ្នាំដែលជាការយកចិត្តទុកដាក់បំផុតរបស់ឯកត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើវិស័យកីឡា តែងតែលើកទឹកចិត្តឲ្យមានការរៀបចំការប្រកួង និងលេងកីឡាមានជាប់ជាប្រចាំ ខណៈដែលស្រុកផ្សេងៗទៀតបានកំពុងតែរៀបចំជាបណ្តើរហើយផងដែរ។
ឯកឧត្តមបណ្ឌិតបានថ្លែងទៀតថា នៅថ្ងៃខាងមុខទៀតយើងនឹងមានការប្រកួតពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកម្រិតខេត្ត ដែលអាចប្រព្រឹត្តិទៅឆ្នាំនេះឬឆ្នាំក្រោយទៀត។ដូច្នោះប្អូនៗជាកីឡាករទាំងអស់ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ពោល លេងឲ្យបានកាន់តែខ្លាំង នឹងអាចប្រកួតនៅស្រុកផ្សេងទៀត ដើម្បីជាការចាប់ផ្តើមនូវពាន់រង្វាន់នេះ ក្នុងកម្រិតស្រុក និងថ្នាក់ខេត្តថែមទៀត។
លើសពីនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍លើកទឹកចិត្តឲ្យកីឡាករទាំងអស់ត្រូវបង្កើនសមត្ថភាពនៃការលេងកីឡាឲ្យកាន់តែខ្លំាងថែមទៀត ហើយឆ្នាំនេះឃើញសមត្ថភាពប្អូនៗបានរីកចម្រើនច្រើន។ ដូច្នោះ ការលេងកីឡានេះបង្ហាញពីសុខសន្តិភាព មានន័យថា យើងលេងកីឡាមិនបានគិតអ្វីផ្សេងទេ គឺបង្ហាញពីសមត្ថភាពពិត ដោយសេរី ការគោរពតាមបទបញ្ជាផ្ទៃក្នុងបានល្អ សូមចូលសាមគ្គីគ្នាបង្ហាញវប្បធម៌របស់ស្រុកយើងជាស្រុកគំរូ និងមានប្រជាជនរស់នៅប្រកបដោយសីលធម៌ និងគុណធម៌ មានការអនុគ្រោះគ្នាទៅវិញទៅមក។
បន្ថែមពីនេះ បណ្ឌិតបានថ្លែងសារ ចំពោះក្មួយៗជាកីឡាករសូមចូលរួមគាំទ្រនូវស្មារតីបម្រើជាតិ និងប្រជាជនយើង ដោយបន្តគាំទ្រគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបាននិងកំពុងតែបោះជំហានយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាព្រំដែនប្របកដោយការទទួលខុសត្រូវខ្ពស់ ជុំវិញបញ្ហាព្រំដែនកម្ពុជាជាមួយ និងប្រទេសថៃ ដែលបានប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ (ICJ) ដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើង ប្រកបដោយសន្តិវិធីផងដែរ។