នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានទទួលជួបពិភាក្សាការងារជាមួយលោក Lin Shiqiang ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈយោគយល់រវាងធនាគារទាំងពីរ។
ឯកឧត្តមបណ្ឌិត និងលោក Lin Shiqiang បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។ បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ ARDB និង ធនាគារ ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើ ការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃ ក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង។
















