15 May 2026

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្តាល

នៅព្រឹក ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB) បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។
នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន ៦១០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំចំនួន២ គឺទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។សមាគមបណ្តាញកសិករតេជោ ជាស្ពានចម្លងផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។
ចំពោះគោលបំណងទី២ គឺការធ្វើកសិកម្មដែលទទួលបានផលចំណេញ ដោយជួយកសិករ ត្រូវដឹងពីរបៀបរកថ្លៃដើមផលិតឲ្យឃើញ ចេះសម្រេចចិត្តត្រឹមត្រូវក្នុងការលក់កសិផលថា ចំណេញ ឬខាត។
ឯកឧត្តមបណ្ឌិតប្រតិភូបានមានប្រសាសន៍ថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងបាត់បង់សណ្តាប់ធ្នាប់និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកល ដូច្នេះ កសិកម្មគឺជាឆ្នាំងបាយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឆ្នាំងបាយសម្រាប់ពិភពលោកផងដែរ។
ឯកឧត្ដមបណ្ឌិតប្រតិភូបានមានប្រសាសន៍ថា ឥឡូវពិភពលោក កំពុងប្រឈមនឹងបញ្ហាតម្លៃប្រេងឥន្ធនៈ ជីឡើងថ្លៃដែលធ្វើឲ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់ ដូច្នេះសូមកសិករពិចារណាក្នុងការស្វែងយល់ដោយខ្លួនឯង ក្នុងការប្រើប្រាស់ជីដែលចំណេញដល់ការធ្វើកសិកម្ម។
លើសពីនេះឯកឧត្តមបណ្ឌិតប្រតិភូបានណែនាំកសិករអាចប្រើជីគីមីពាក់កណ្តាល និងជីកំប៉ុសពាក់កណ្តាល។ ដូច្នោះបងប្អូនប្រជាកសិករ គួរនាំគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ឱ្យបានច្រើន ដើម្បីធានាគុណភាព និងសុវត្ថិភាព ដល់អ្នកបរិភោគ។
ឯកឧត្តមបណ្ឌិតប្រតិភូក៏បានមានប្រសាសន៍ថា ការផលិតជីកំប៉ុស បើយើងអាចផលិតបានគឺជួយកាត់បន្ថយថ្លៃដើម ដែលនាំទៅដល់ការធ្វើកសិកម្មទទួលបានផលចំណេញច្រើន។ ឯកឧត្ដមបណ្ឌិត ក៏បានណែនាំកសិករពិចារណាក្នុងការប្រើប្រាស់ថ្នាំបណ្តេញសត្វល្អិតពីទឹកខ្មេះធ្យូងអង្កាមផងដែរ ដែលអង្គាមចំនួន ៦០គីឡូក្រាម អាចដុតបានទឹកខ្មេះ មួយលីត្រ ហើយការចំណាយអស់តិច បានទាំងផេះអង្កាមសម្រាប់លាយធ្វើជាជីកំប៉ុស្តិ៍ និងទឹកខ្មេះធ្យូងអង្កាមសម្រាប់បណ្តេញសត្វល្អិត។
ឯកឧត្តមបណ្ឌិតប្រតិភូក៏មានប្រសាសន៍ទៀតថា បញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺជាឱកាសល្អសម្រាប់ការធ្វើ កសិកម្ម ជាមុខរបរដែលកំពុងពេញនិយម ហើយយើងត្រូវតែបង្កើនការផលិត ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ គិតគូពីសុខភាពរបស់អ្នកប្រើប្រាស់ ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។
ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍បន្ថែមថា សមាគមបណ្តាញកសិករតេជោ មានតួនាទីសំខាន់ ធ្វើជាស្ពានចម្លងដ៏រឹងមាំ តភ្ជាប់កសិករ ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន) ការភ្ជាប់ទៅបច្ចេកទេស ទីផ្សារ និងអ្នកជំនាញ ជួយកសិករឱ្យទទួលបាននូវបច្ចេកវិទ្យាកសិកម្ម ដោះស្រាយបញ្ហាកង្វល់កសិករផលិតបានហើយគ្មានទីផ្សារលែងជាបញ្ហា។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករចូលជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីផលប្រយោជន៍របស់កសិករ និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួលឱ្យកសិករអាចចូលជាសមាជិកបានលឿនផងដែរ៕