19 July 2026

អគ្គនាយករងARDB ចុះត្រួតពិនិត្យគម្រោងកាត់បន្ថយភាពក្រីក្រដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្ដម បាន លឹម និង ឯកឧត្ដម ប៉ិច សានី អគ្គនាយករង នៃធនាគារ ARDB រួមទាំងសហការី បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខកសិករ នៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ នៅឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្ដមអគ្គនាយករង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែង របស់បងប្អូនប្រជាកសិករក្នុងគម្រោង ដែលបានចូលរួមអនុវត្តការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ប្រកបដោយឆន្ទៈខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្ដមអគ្គនាយករង បានលើកទឹកចិត្តបងប្អូនប្រជាកសិករ ជាពិសេសពលករដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យគិតគូរពង្រីកការដាំដុះបន្លែ បន្ថែមទៀត ដើម្បីបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលគ្រួសារឱ្យកាន់តែប្រសើរ។ លើសពីនេះ ឯកឧត្ដមអគ្គនាយករង បានលើកទឹកចិត្តប្រជាកសិករ ឱ្យចូលរួមជាមួយ សមាគមបណ្ដាញកសិករតេជោ ដើម្បីទទួលបានឱកាសពង្រីកទីផ្សារ និងការដោះស្រាយបញ្ហានានា តាមរយៈសមាគមបណ្ដាញកសិករតេជោ។
ជាចុងក្រោយ ឯកឧត្ដមអគ្គនាយករង បានពាំនាំប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ជូនដល់ប្រជាកសិករនៅក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ ផងដែរ។