29 September 2026

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ជើញចូលរួមក្នុងពិធីបើក “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា២០២៦”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងលោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាននៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងពិធីបើក វេទិកាវេចខ្ចប់និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។
ពិធីនេះប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់៣០ ខែកញ្ញា ហើយនៅក្នុងព្រឹត្តិការណ៍នេះដែរ លោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាន បានចូលរួម ធ្វើជាវាគ្មិនចែករំលែកនូវយន្តការផ្តល់ឥណទាន គាំទ្រដល់ការកែច្នៃផលិតផលកសិកម្ម និងកសិឧស្សាហកម្ម រួមទាំងការវេចខ្ចប់ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ខាងលើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីជាយុទ្ធសាស្ត្រនៃកាវេចខ្ចប់ ក្នុងការបង្កើនគុណភាពនិងសុវត្ថិភាពផលិតផល ការបង្កើនតម្លៃបន្ថែម ការពង្រឹងម៉ាកយីហោ និងការពង្រីកលទ្ធភាពចូលទីផ្សារ ព្រមទាំងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិស័យវេចខ្ចប់នៅកម្ពុជា។ ព្រឹត្តិការណ៍នេះក៏នឹងបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ការបង្ហាញបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ព្រមទាំងការតភ្ជាប់ធុរកិច្ចរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា អ្នកទិញ វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុនិងដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស៕