ទិដ្ឋភាពទូទៅ
គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងគាំទ្រដោយធនាគារ ARDB ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB។

គម្រោងមានគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញឱ្យមានបរិយាប័ន្នហិរញ្ញវត្ថុ  តាមរយៈការផ្តល់ឥណទានដល់កសិករដើម្បីដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

គម្រោងមានគោលបំណងចម្បងៗ ចំនួន ៤ រួមមាន៖

  • ផ្ដល់លទ្ធភាពដល់កសិករក្រីក្រ/ពលករ/ជនងាយចំណាកស្រុក ដែលមានឆន្ទៈក្នុងការចូលរួមអនុវត្តការងារក្នុងវិស័យកសិកម្ម
  • បង្កើតការងារ និងប្រាក់ចំណូលច្បាស់លាស់ នៅក្នុងមូលដ្ឋាន
  • លើកកម្ពស់សុវត្ថិភាពចំណីអាហារ តាមរយៈការអនុវត្តស្របតាមបច្ចេកទេស GAP និង
  • កាត់បន្ថយការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស ឬគ្មានប្រភពច្បាស់លាស់

គុណតម្លៃ

  • កសិករទទួលបានឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកសិកម្ម
  • កសិករត្រូវបានផ្សារភ្ជាប់ទីផ្សារជាមួយក្រុមហ៊ុនប្រមូលទិញ ដោយមានកិច្ចសន្យាច្បាស់លាស់
  • ទទួលបានឥណទានដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌសមស្របនឹងអាជីវកម្ម

អតិថិជនគោលដៅ និងវិសាលភាពគម្រោង
គម្រោងមានវិសាលភាពអនុវត្តគ្រប់ខេត្ត/ក្រុង ដែលមានសក្ដានុពលខ្ពស់ក្នុងការដាំបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ។ គម្រោងផ្ដល់អាទិភាពខ្ពស់ដល់សហគមន៍ ឬក្រុមផលិត ដែលមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ និងមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖

  1. សហគមន៍/ក្រុមផលិត
    • មានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញក្នុងវិស័យកសិកម្ម
    • មានធនធានមនុស្សគ្រប់គ្រាន់ដើម្បីគ្រប់គ្រងអាជីវកម្មក្នុងគម្រោង
    • មានសមត្ថភាពក្នុងការដឹកនាំ និងចាត់ចែងការងារក្នុងគម្រោង
    • មានការទទួលខុសត្រូវខ្ពស់លើសកម្មភាពអាជីវកម្មរបស់គម្រោង
    • មានកិច្ចសហការខ្ពស់ជាមួយគម្រោង និងដៃគូនានារបស់គម្រោង
  1. សមាជិកសហគមន៍/ក្រុមផលិត
    • គ្រួសារក្រីក្រ/ពលករ ឬក្រុមងាយចំណាកស្រុក
    • មានឆន្ទៈពិតប្រាកដក្នុងការចូលរួមអនុវត្តគម្រោងក្នុងវិស័យកសិកម្ម
    • មានទីលំនៅច្បាស់លាស់ និង
    • មានជំនាញ និងបទពិសោធន៍ កាន់តែប្រសើរ។

សកម្មភាពគាំទ្រគម្រោង
បច្ចុប្បន្ន គម្រោងបាននិងកំពុងអនុវត្តសកម្មភាពគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះបន្លែសុវត្ថិភាព នៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេសការអនុវត្តកសិកម្មល្អ (Good Agricultural Practice-GAP) ដោយមានកិច្ចសហការជាមួយអ្នកជំនាញបច្ចេកទេសផ្នែកដាំដុះដំណាំ, គ្រប់គ្រងកសិដ្ឋាន និងសាងសង់ផ្ទះសំណាញ់។ គម្រោងបានផ្ដល់ឥណទានដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌសមស្របនឹងអាជីវកម្ម ដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម។

សមិទ្ធផលគម្រោង

គម្រោងកាត់បន្ថយភាពក្រីក្រ បានជ្រើសរើសសហគមន៍ចំនួន ២ នៅខេត្តបាត់ដំបង ដើម្បីអនុវត្ត៖

  1. សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា៖
    • ធនាគារ ARDB បានផ្តល់ឥណទានសរុបចំនួន ១៣ ម៉ឺនដុល្លារអាម៉េរិកជូនដល់សមាជិកសមាគមន៍ចំនួន ១៣​ រូប ស្មើនឹងផ្ទះសំណាញ់សរុបចំនួន ៥២ ខ្នង កាលពី ឆ្នាំ២០២៤។ សមាជិកម្នាក់ៗទទួលបានផ្ទះសំណាញ់ចំនួន ៤ ខ្នង ទំហំ ១០ ម៉ែត្រ x ២៥ ម៉ែត្រ ក្នុង ១ គ្រួសារ ដើម្បីដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ។
    • នៅក្នុងឆ្នាំ២០២៥ គម្រោងបានអនុវត្តសកម្មភាពដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងទទួលបានទិន្នផលជាបន្លែប្រមាណ ៤៣ តោន ដែលមានតម្លៃសរុបប្រមាណ ១២៤,៩៦៩,៩០០ រៀល។
  2. សហគមន៍កសិកម្មតាសីសាមគ្គី
    • គម្រោងបាននិងកំពុងពិនិត្យ និងវាយតម្លៃលើលទ្ធភាពចូលរួមអនុវត្ដក្នុងគម្រោង របស់សមាជិកសហគមន៍តាសី ចំនួន ១០ គ្រួសារ ស្របតាមយន្តការរបស់គម្រោង។