20 វិច្ឆិកា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយលោក Lin Shiqiang ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ (Industrial and Commercial Bank of China, Phnom Penh Branch – ICBC Phnom Penh Branch)

នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានទទួលជួបពិភាក្សាការងារជាមួយលោក Lin Shiqiang ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្ម ចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈយោគយល់រវាងធនាគារទាំងពីរ។
ឯកឧត្តមបណ្ឌិត និងលោក Lin Shiqiang បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។ បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ ARDB និង ធនាគារ ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើ ការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃ ក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង។