ARDB TV

សេចក្តីប្រកាស់ពត៌មាន

16 តុលា 2014

???????????????????????????????

​​​​កាលពីព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៤ នៅធនាគារអភិវឌ្ឍន៍ជនបទ មានរៀបចំពិធីផ្ទេរ តំណែង អគ្គនាយក និង ក្រុមប្រក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ អាណត្តិទី៦ រវាង ឯកឧត្តម សុន គន្ធរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី បន្ទាប់ពីបាន បំពេញភារកិច្ច ជាប្រធានអគ្គនាយកអស់រយៈពេល ជិត ១៥ ឆ្នាំកន្លងមក និង ជំនួសដោយ ឯកឧត្តម កៅ ថាច ដែលត្រូវតែងតាំងជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ ព្រមទាំងការប្រកាសសមាសភាព នៃក្រុមប្រឹក្សាភិបាលរបស់ ធនាគារអភិវឌ្ឍន៍ជនបទ អាណត្តិទី ៦ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ធនាគារជាតិនៃកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលអាណត្តិចាស់ និងអាណត្តិថ្មី ព្រមទាំងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ ។ បន្ទាប់ពីឯកឧត្តម សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអតីតប្រធានអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ ធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តមអគ្គនាយក និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលថ្មី ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យ មីក្រូហិរញ្ញវត្ថុជាយន្តការគន្លឹះសម្រាប់រួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចជនបទ ។ នៅឆ្នាំ ១៩៩៨ រាជរដ្ឋាភិបាលបានបង្កើតធនាគារអភិវឌ្ឍន៍ជនបទ ដែលមានគោលដៅចំបងគឺលើកកំពស់ការអភិវឌ្ឍវិស័យកសិកម្មជនបទ និងសេដ្ឋកិច្ចទូទៅ ហើយធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមរយះនៃការផ្តល់ឥណទានសម្រាប់បង្កើតនិងពង្រីកមុខរបរ បង្កើនផលិតភាពការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ជនបទដាច់ស្រយាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ដំបូងឡើយធនាគារនេះមានដើមទុនចំនួនតែ ២,៥ លានដុល្លារអាមេរិកប៉ុណ្ណោះ ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជាមួយនឹងការដាក់ចេញនូវគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបង្កើនទុនជាបន្តបន្ទាប់ដែលបច្ចុប្បន្ននេះធនាគារអភិវឌ្ឍន៍ជនបទមានដើមទុនសរុបជាង ២០ លានដុល្លារអាមេរិក ។ ទន្ទឹងនេះរាជរដ្ឋាភិបាលបានផ្តល់ទុនចំនួន ៣៦ លានដុល្លារដែលជាមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មសម្រាប់អនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ។ នៅពេលខាងមុខនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំបង្វែរមូលនិធិធានាឥណទានដែលមានទឹកប្រាក់ចំនួន ២៦ លានដុល្លារឲ្យធនាគារអភិវឌ្ឍន៍ជនបទសម្រាប់ប្រើប្រាស់គាំទ្រគោលនយោបាយពាណិជ្ជូនីយកម្មវិស័យស្រូវអង្ករតាមរយៈការផ្តល់ឥណទានដល់ក្រុមហ៊ុនស្រូវ-អង្ករ ក៍ដូចជាសហគមន៍ផ្សេងៗដែលពាក់ព័ន្ធនឹងការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ។ ជាចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលចង់ពង្រឹងពង្រីកធនាគារអភិវឌ្ឍន៍ជនបទឲ្យក្លាយជាធនាគារមួយដើរតួដ៏សំខាន់របស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ។ ដូច្នេះជាមួយនឹងការពង្រីកផ្នែកមូលធនដល់ធនាគារនេះ ការពង្រឹងសមត្ថភាពធនាគារអភិវឌ្ឍន៍ឲ្យក្លាយជាស្ថាប័នប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ក៏ដូចជាសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង ចង់ឲ្យធនាគារនេះក្លាយជាធនាគារអភិវឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តម បណ្ឌិតបានផ្តល់អានុសាសន៍ដល់ក្រុមប្រឹក្សាភិបាល អគ្គនាយកដែលទើបចូលបំពេញភារកិច្ច និងថ្នាក់ដឹកនាំធនាគារទាំងអស់ផ្តោតការយកចិត្តទុកដាក់លើកិច្ចសំខាន់ៗដូចខាងក្រោម ៖
១-រៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់ធនាគារអភិវឌ្ឍន៍ជនបទលើផ្នែកអភិបាលកិច្ច និងមុខងារ សំខាន់ៗទៅតាមផែនការយុទ្ធសាស្រ្តកែទម្រង់របស់ខ្លួន ការបង្កើតក្របខណ្ឌគ្រប់គ្រងហានិភ័យ ដើម្បីឲ្យធនាគារនេះអាចពង្រឹងពង្រីកបាននូវតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងអាចប្រកួតប្រជែងបាននៅក្នុងវិស័យធនាគារ ពិសេសគឺការកែប្រែសតិអារម្មណ៍ ដែលមាននៅក្នុងមជ្ឈដ្ឋាន សាធារណៈមួយចំនួនដែលតែងតែលើកឡើងថា ឲ្យតែក្រុមហ៊ុនរបស់រដ្ឋ អង្គភាពរបស់រដ្ឋ រកស៊ីមិនដែលចំណេញ ។ ថ្វីត្បិតតែគោលដៅរបស់ធនាគារនេះ មិនមែនរកប្រាក់ចំណេញ គោលដៅធំបំផុតគឺការបម្រើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទរបស់រាជរដ្ឋាភិបាល ប៉ុន្តែអង្គភាពនេះក៏ជា អង្គភាពធ្វើអាជីវកម្មក្នុងក្របខណ្ឌសេដ្ឋកិច្ចទីផ្សារ ដែលទាមទារឲ្យមានចីរភាព និងនិរន្តរភាពព្រមទាំង លទ្ធភាពនៃការពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈនៃការធ្វើអាជីវកម្មនេះ មិនមែនពង្រីកតាមរយៈនៃការ ផ្តល់ទុននោះទេ ។
២-ការពង្រឹងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលដើម្បីប្រសិទ្ធភាពការងារ ។
៣-ពង្រឹងការគ្រប់គ្រងបំណុល និងការផ្តល់ឥណទាន ការប្រើប្រាស់ទុនឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធានាបាននូវចេរភាព និងនិរន្តរភាពរបស់ធនាគារ ។

 

ព័ត៌មានមុន
ព័ត៌មានបន្ទាប់