ស្រុកជុំគីរី ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករស្ថិត នៅស្រុកជុំគិរី ខេត្តកំពត។
នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមពី លោក ហេង ងួនស្រ៊ុន អភិបាលស្រុកស្តីទី សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ ព្រមទាំងប្រជាប្រជាកសិករចូលរួមសរុបចំនួន ៣០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា ការជួបជុំថ្ងៃនេះចង់ឲ្យបងប្អូនទទួលបានព័ត៌មានថ្មីៗពីកសិកម្មធ្វើយ៉ាងណា ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាកសិករកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូររបៀបធ្វើកសិកម្មដោយត្រូវចេះគិតថ្លៃដើមផលិត បង្កើនការផលិត និងការចិញ្ចឹមសត្វ ដោយស្វែងយល់អំពីរបៀបនៃការប្រើប្រាស់ជី ឬថ្នាំ និងពូជឲ្យបានត្រឹមត្រូវទៅតាមពេលវេលា កាត់បន្ថយការចំណាយផ្សេងៗនឹងទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃ។
ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា«ការធ្វើកសិកម្មមិនស្រួលទេ នឿយហត់ណាស់ ដូច្នេះហើយសូមធ្វើឲ្យបានម៉ត់ចត់ និងពិតប្រាកដ ទើបអាចទទួលបានប្រាក់ចំណេញមិនធ្លាក់ក្នុងអន្ទាក់បំណុល ជាពិសេស នៅពេលដែលជីគីមីកំពុងឡើងថ្លៃ បងប្អូនត្រូវងាកមកផលិតជីធម្មជាតិ និង ជីកំប៉ុសជំនួសវិញ ថ្វីបើបានផលបានតិច តែអាចជួយឲ្យដីមានគុណភាពល្អ ផលិតផលមានគុណភាពសុវត្ថិភាព សម្រាប់អ្នកបរិភោគ»។
នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិតក៏បានណែនាំកសិករនៅស្រុកជុំគិរី “បើចង់ចេះកសិកម្មដែលមានជំនាញពិតប្រាកដនោះ កសិករអាចទៅសិក្សាវគ្គបណ្តុះបណ្តាលខ្លីបាននៅសមាគមតាសីសាមគ្គីខេត្តបាត់ដំបងមាន លោក ណុប នុន ដែលជាប្រធានសមាគម ហើយខាងធនាគារ ARDB ជាអ្នកចេញថ្លៃការហូបចុកក្នុងពេលសិក្សាមួយចប់រួមមាន ការចិញ្ចឹមសត្វ ដាំបន្លែ និងជំនាញផ្សេងទៀត ជាការអនុវត្តផ្ទាល់ផងដែរ”។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអំពាវនាវឲ្យកសិករចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ គឺជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសម្លេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និងទី២ ជា ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ការពារពីការរំលោភបំពាន កេងចំណេញលើកសិករ។

















