12 សីហា 2026

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីចុះពិនិត្យមើលបច្ចេកទេសដាំស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះបានពិនិត្យមើលនិងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញ៉ាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។
ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតបន្លែរបស់ កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់ចំនួន៣រោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេស ថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានាដែលកសិករកំពុងជួបប្រទះរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រនឹងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ។