រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ សាស្ត្រាចារ្យ បណ្ឌិត Manivanan Saman ប្រធានប្រតិបត្តិនៃសាលាធនាគារអាស៊ី (Asian Banking School – ABS) ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះបានផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងសមត្ថភាពស្ថាប័នលើវិស័យហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងការស្វែងយល់ពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារ ARDB និងសាលាធនាគារអាស៊ី (ABS) ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងការអភិវឌ្ឍបៃតងប្រកបដោយចីរភាពក្នុងតំបន់។








