ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមសន្និសីទហិរញ្ញវត្ថុចិន-អាស៊ាន ឆ្នាំ២០២៦ ក្រោមមូលបទ “បញ្ញាសិប្បនិម្មិត លើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ – AI Empowering Financial Cooperation និងបញ្ញាសិប្បនិម្មិត គាំទ្រដល់សុវត្ថិភាពអភិបាលកិច្ច – AI Supporting Security Governance”
—————————————————
តបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China – ICBC Bank) ក្រោមកិច្ចសហការនៃក្របខណ្ឌអនុវត្តអនុស្សរណៈយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិម្ម (Agricultural and Rural Development Bank – ARDB ) និងធនាគារ ICBC Bank និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB និងសហការី បានចូលរួមសន្និសីទហិរញ្ញវត្ថុចិន-អាស៊ាន ឆ្នាំ២០២៦ ក្រោមមូលបទ “បញ្ញាសប្បនិម្មិត លើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ – AI Empowering Financial Cooperation និងបញ្ញាសប្បនិម្មិត គាំទ្រដល់សុវត្ថិភាពអភិបាលកិច្ច – AI Supporting Security Governance” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តក្វាងស៊ី, បណ្តាតំណាងធនាគារកណ្តាលនៃសមាជិកអាស៊ាន, គ្រឹះស្ថានធនាគារ, ក្រុមហ៊ុនបច្ចេកវិទ្យា, និងវិទ្យាស្ថានបច្ចេកវិទ្យាមួយចំនួន នាថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សន្និសីទហិរញ្ញវត្ថុចិន-អាស៊ាន ឆ្នាំ២០២៦ នេះ បានរៀបចំឡើងស្របពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ បន្ថែមពីនេះ, សន្និសីទហិរញ្ញវត្ថុចិន-អាស៊ាន ឆ្នាំ២០២៦ បានផ្តោតសំខាន់ទៅលើសារៈសំខាន់នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនិងធានាបានគុណភាព ប្រតិបត្តិការធនាគារ ក៏ដូចជាដំណោះស្រាយនៃការរក្សាឯកជនភាពទិន្នន័យ (Data Privacy) និងការបង្កាការបែកធ្លាយទិន្នន័យ។ ឆ្លៀតក្នុងឱកាសនេះ, ធនាគារ ARDB ក៏បានចូលរួមជាវាគ្មិនកិត្តិយសក្នុងការថ្លែងចំណាប់អារម្មណ៍ ស្តីពី “How Can Financial Institutions Accurately Define the Genuine Business Needs Empowered by AI” និងចូលរួមទស្សនកិច្ចគ្រឹះស្ថានបញ្ញាសិប្បនិម្មិត ចំនួន ៤ ក្នុងខេត្តក្វាងស៊ី ផងដែរ។






