រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Bete Group ដែលមានទីតាំងនៅក្រុងចេងទូ (Chengdu) និងក្រុមហ៊ុន Nanning Rail Transit Sci-Tech Innovation Investment Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Nanning Rail Transit Group ដែលមានទីតាំងនៅតំបន់ស្វយ័តក្វាងស៊ី (Guangxi) ប្រទេសចិន ដើម្បីពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងស្វែងយល់អំពីផលិតផល និងដំណោះស្រាយសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (MaaS) សម្រាប់វិស័យកសិកម្ម ដំណោះស្រាយឌីជីថលសម្រាប់សម្ភារៈកសិកម្ម និងសេវាកម្មហិរញ្ញប្បទានជនបទ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១០ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលធនាគារ ARDB។
















